ទង្វើបរិសុទ្ធ ជៀសផុតបាបកម្ម – ដោយ​​​ ភិក្ខុធម្មានន្ទ

«បា​ណម្ហិ ចេ វណោ នាស្ស ហេរេយ្យ បាណិនា វិសំ​ នាព្វណំ វិសមន្វេតិ នត្ថិ បាបំ អកុព្វតោ។» “បើ​បាត​ដៃ​មិន​មាន​ដំបៅ​ទេ​ បុគ្គល​អាច​​នាំ​ថ្នាំ​ពិស​ទៅ​ដោយ​បាត​ដៃ​បាន​ ថ្នាំ​ពិស​មិន​ជ្រួត​ជ្រាប​បាត​ដៃ​មិន​មាន​ដំ​បៅ​យ៉ាង​ណា​, បាប​រមែង​មិន​មាន​ដល់​អ្នក​មិន​ធ្វើ​បាប​យ៉ាង​នោះ​ដែរ។”

បាប​ គឺ​អំពើ​អាក្រក់​ដោយ​ត្រៃ​ទ្វារ​មាន​បាណាតិបាត​ជា​ដើម រមែង​មិន​មាន​ដល់​បុគ្គល​អ្នក​មិន​ធ្វើ​បាប ដូច​ថ្នាំ​ពិស​រមែង​មិន​ជ្រាប​ចូល​ទៅ​កាន់​បាត​ដៃ​ដែល​គ្មាន​ដំបៅ​ដូច្នោះ គឺ​បុគ្គល​មាន​បាត​ដៃ​ឥត​ដំបៅ​ជា​ដៃ​បរិសុទ្ធ​ស្អាត អាច​ហ៊ាន​ចាប់​កាន់​នាំ​នូវ​ថ្នាំ​ពិស​ដោយ​ឥត​ញញើត​។ ព្រោះ​អ្វី? ព្រោះ​ថ្នាំ​ពិស​មិន​អាច​ជ្រាប​ចូល​ទៅ​កាន់​ដៃ​ដែល​ឥតដំបៅ​នោះ​បាន មានឧបមា​យ៉ាង​ណា, ធម្មតា​ បាប​មិន​ដែល​មាន​ដល់​បុគ្គល​ដែល​មិន​ធ្វើ​បាប​ សូម្បី​នាំ​បហរណវត្ថុ​ទាំង​ឡាយ​មាន​ធ្នូ​ជា​ដើម​មក​ឲ្យ​គេ​ក៏​ដោយ​ចុះ​។ ព្រោះអ្វី? ព្រោះ​តែ​បុគ្គល​នោះ​ ឥត​មាន​អកុសល​ចេតនា​ គឺ​មិន​​មាន​ចិត្តចង់​ធ្វើ​បាប​ផង​ឡើយ ក៏​មាន​ឧប​មេយ្យ​ដូច្នោះ​ដែរ​។ (ដក​ស្រង់​ពី​ ខុទ្ធកនិកាយ ធម្មបទ​ និង​ធ្វើ​អត្ថា​ធិប្បាយ​ដោយ មហា សោម សុវណ្ណ ព.ស ២៥១២ គ.ស ១៩៦៨)